កាលបរិច្ឆេទ: ០៥ មករា ២០២២ / ម្ហូបអាហារ
ខណៈពេលដែលសត្វចង្រិត និងសត្វល្អិតផ្សេងៗទៀតត្រូវបានគេបរិភោគនៅតាមបណ្តាប្រទេសនៃទ្វីបអាស៊ីជាពិសេសនៅប្រទេសកម្ពុជានោះ នៅឯទីផ្សារ «ប្រទេសលោកខាងលិច» ឯណោះវិញ ប្រជាជនគេមួយចំនួនធំនៅមិនទាន់អាចទទួលយកគំនិតបរិភោគសត្វល្អិតនេះនៅឡើយទេ។
បើតាមតួលេខរបស់ទស្សនាវដ្តីបារាំងអនឡាញឈ្មោះ Le Must សត្វល្អិតប្រមាណជាងមួយពាន់ប្រភេទត្រូវបានគេបរិភោគជាប្រចាំនៅលើពិភពលោក ហើយទីផ្សារដែលធំជាងគេដូចជាប្រទេសចិន ថៃ ជប៉ុន ប៉េរូ និងប្រទេសអូស្រ្តាលីផ្គត់ផ្គង់សត្វល្អិតគ្រប់ប្រភេទទៅដល់ម៉ូយប្រចាំរបស់ពួកគេ។
ដោយសារតម្រូវការកាន់តែខ្ពស់នៃអាហារដែលមានជីវជាតិ និងដែលគោរពបរិស្ថាន គួបផ្សំនឹងកំណើនប្រជាជននៅលើពិភពលោក និងកង្វះធនធានធម្មជាតិផងនោះ ធ្វើឲ្យទីផ្សារ «លោកខាងលិច» ងាកមកចាត់ទុកសត្វល្អិតថាជាជម្រើសមួយគួរឲ្យចាប់អារម្មណ៍។
ទស្សនាវដ្តីក៏បានកត់សម្គាល់ផងដែរថា ប៉ុន្តែដើម្បីឲ្យអ្នកដែលមិនចូលចិត្តសត្វល្អិតនៅប្រទេស «លោកខាងលិច» អាចទទួលយកបាន លុះត្រាតែគេបំលែងវាឲ្យទៅជាម្សៅនៅក្នុងផលិតផលកែច្នៃជាមុនសិន៕